អ្នកបង្កើតរូបឆាយាល័ក្ខលោកប្រធានហូជីមិញពីឬស្សីនិងផ្តៅ

(VOVWORLD) - ពីបន្ទោះឬស្សីនិងផ្តៅយ៉ាងស្រទន់ និងបាតដៃដ៏ប៉ិនប្រសប់ សិប្បករ ង្វៀន វ៉ាន់ទ្រុង (នៅឃុំ Phu Nghia ស្រុក Chuong My នៃទីក្រុងហាណូយ) បានបង្កើតឡើងរូបឆាយាល្ខ័ក របស់លោកប្រធានហូជីមិញយ៉ាងស្រស់ស្អាត។

អ្នកបង្កើតរូបឆាយាល័ក្ខលោកប្រធានហូជីមិញពីឬស្សីនិងផ្តៅ - ảnh 1រូបភាពរបស់ពូ ហូ ត្រូវបានបង្ហាញយ៉ាងលម្អិត និងរស់រវើកតាមរយៈស្នាដៃរបស់វិចិត្រករ ង្វៀន វ៉ាន់ទ្រុង (រូបថត៖ Lam Nguyen/kinhtedothi.vn)

“ពេលវេលាដែលខ្ញុំបង្ហាញរូបភាព រូបថត រូបឆាយាល្ខ័កអំពីអគ្គមគ្គុទេសមួយរូប ជាពិសេសមគ្គុទេសហូជីមិញ ពិតជាកើតចេញពីទឹកចិត្តនិងចំណង់ចំណូលចិត្ត។ ក្នុងពេលខ្ញុំត្បាញរូបនេះ ខ្ញុំគ្រាន់តែសង្ឃឹមថា នឹងបង្ហាញពីព្រលឹងរបស់ថ្នាក់ដឹកនាំដ៏មហិមារូបនេះ”។ នេះជាការសំណេះ សំណាលរបស់វិចិត្រករ ង្វៀន វ៉ាន់ទ្រុង។

កើតនៅភូមិតម្បាញប្រពៃណី Phu Vinh ឃុំ Phu Nghia ស្រុក Chuong My តាំងពីកុមារភាពមក បន្ទោះឫស្សី និងសរសៃផ្តៅបានក្លាយជាវត្ថុដែលផ្សាភ្ជាប់ជិតស្និទ្ធជាមួយលោក ង្វៀន វ៉ាន់ទ្រុង។ មកដល់ពេលនេះ លោកជាជំនាន់ទី៨ហើយ នៅតែរក្សាមុខរបរប្រពៃណីរបស់គ្រួសារ។ ប្រការពិសេសគឺលោកជាមនុស្សតែម្នាក់គត់ក្នុងភូមិ ដែលមានជំនាញតម្បាញរូបឆាយាល័ក្ខរបស់លោកប្រធានហូជីមិញពីផ្តៅនិងឫស្សី បង្កើតបាននូវស្នាដៃដ៏ស្រស់ស្អាតរស់រវើក។ វិចិត្រករ  ង្វៀន វ៉ាន់ទ្រុង បានឲ្យដឹងថា៖ “កាលពីមុន ជីដូនជីតាយើងក៏សាកល្បងត្បាញរូបថត រូបគំនូរដែរ ខ្ញុំក៏សាកដែរ ហើយខ្ញុំក៏ដើរតាមតាចាស់ម្នាក់ដែលជាសិប្បករនៅភូមិ។ ពេលខ្ញុំរៀនបច្ចេកទេសត្បាញគំនូរបានល្អ ខ្ញុំគិតថា ត្រូវតម្បាញរូបឆាយាល័ក្ខលោកប្រធានហូជីមិញទាល់តែបាន ក្នុងគោលបំណង លើកតម្កើងអំពីអគ្គុមគ្គុទេសដ៏មហិមារបស់ប្រទេសជាតិផង និងឧទ្ទេសនាមពីសិល្បៈប្រភេទនេះផងដែរ”។

អ្នកបង្កើតរូបឆាយាល័ក្ខលោកប្រធានហូជីមិញពីឬស្សីនិងផ្តៅ - ảnh 2សិប្បករ ង្វៀន វ៉ាន់ទ្រុង យកចិត្តទុកដាក់ ដកដង្ហើមជីវិតក្នុងការងារនីមួយៗ (រូបថត៖ Dieu Huyen/qdnd.vn)

ដោយក្តីស្រឡាញ់ និងគោរពជាពិសេសចំពោះលោកប្រធានហូជីមិញ លោក ទ្រុង បានខិតខំប្រឹងប្រែងស្រាវជ្រាវ សិក្សា និងអនុវត្តន៍ ដើម្បីអាចបង្កើតរូបឆាយាល័ក្ខដ៏ស្រស់ស្អាតបំផុតអំពីលោកប្រធានហូជីមិញ បន្ទាប់ ពីចំណាយពេលស្រាវជ្រាវជាច្រើនខែមក។ ឆ្នាំ ១៩៧៦ គឺជាឆ្នាំដែលកត់ សម្គាល់ជោគជ័យរបស់លោក ង្វៀន វ៉ាន់ទ្រុង ជាមួយនឹងរូបឆាយាល័ក្ខដំបូងអំពីអគ្គមគ្គុទេសហូជីមិញ។ លោក ទ្រុង ចែករំលែកថា៖ “នៅឆ្នាំ ១៩៧៦ ប្រទេសជាតិទើបតែត្រូវបានរំដោះ។ គ្រប់គ្នារីករាយសប្បាយក្នុងចិត្ត។ ខ្ញុំគិតថា យើងកំពុងប្រកបមុខរបរ ខ្ញុំត្រូវតែធ្វើឲ្យបានរូបឆាយាល័ក្ខរបស់លោកប្រធានហូជីមិញពីដើមឬស្សីនិងដើមផ្តៅដែរ ដើម្បីឧទ្ទេសនាមសិល្បៈនៃមុខរបរតម្បាញនេះ និងដើម្បីបង្ហាញពីការគោរពរបស់ខ្ញុំចំពោះថ្នាក់ដឹកនាំដ៏មហិមាដែលមនុស្សគ្រប់គ្នាស្រឡាញ់”។

ការប្រើបន្ទោះផ្តៅនិងឫស្សីដើម្បីត្បាញគំនូរគឺរឹតតែពិបាកហើយ ប៉ុន្តែពិបាកជាងនេះទៅទៀតគឺការប្រើវា ដើម្បីពណ៌នាពីរូបឆាយាល័ក្ខរបស់មនុស្សម្នាក់។ ដើម្បីបង្កើតរូបឆាយាល័ក្ខមួយដ៏រស់រវើក លោក ទ្រុង បានទៅសាកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្មហាណូយដើម្បីសិក្សារៀនសូត្រ ពង្រឹងជំនាញ និងកែលម្អសិប្បកម្មរបស់ខ្លួន។ លោកក៏បានប្រមូលរូបភាពលោកប្រធានហូជីមិញជាច្រើនរូបសម្រាប់បម្រើការស្រាវជ្រាវ។ សម្រាប់លោក ទ្រុង៖ រូបគំនូរឆាយាល័ក្ខមួយផ្ទាំង “បើស្អាតតែមិនស្រដៀងក៏គ្មានប្រយោជន៍ដែរ បើស្រដៀងគ្នាតែគ្មានព្រលឹង នោះក៏គ្មានប្រយោជន៍”។

អ្នកបង្កើតរូបឆាយាល័ក្ខលោកប្រធានហូជីមិញពីឬស្សីនិងផ្តៅ - ảnh 3ដោយមានការខិតខំប្រឹងប្រែង សិប្បករ ង្វៀន វ៉ាន់ ទ្រុង បានទទួលប័ណ្ណសរសើរជាច្រើនពីគ្រប់កម្រិត (រូបថត៖ Dieu Huyen/qdnd.vn)

“ធ្វើយ៉ាងម៉េចដើម្បីអាចបណ្តែតអារម្មណ៍ចូលក្នុងរូបភាពគឺជាបញ្ហាមួយដែរ បង្ហាញពីអគ្គមគ្គុទេសហូជីមិញ គឺធ្វើយ៉ាងម៉េចដើម្បីស្គាល់ថា លោកដែលកំពុងធ្វើការ លោកក្នុងដំណើរទៅប្រកបការងារ លោកប្រធានជាមួយប្អូនៗកុមារ។ អំពីលោកប្រធានហូជីមិញ មានកត្តាសំខាន់មួយចំនួនដែលពេលត្បាញ ខ្ញុំកំណត់ថានោះគឺ៖ ថ្ងាស។ ថ្នាក់ដឹកនាំមានថ្ងាសធំទូលាយ។ ប្រសិនបើអ្នកធ្វើខុសពីរឬ៣ បន្ទោះឫស្សី និងផ្តៅតែប៉ុណ្ណោះ ថ្ងាសរបស់លោកនឹងខុសពីធម្មជាតិ ដូច្នេះ ត្រូវតែមានលក្ខណៈល្អិតល្អន់ណាស់។ ទីពីរគឺកែវភ្នែក។ របៀបបញ្ចេញត្រូវតែដូចគ្នា ប៉ុន្តែកែវភ្នែកមើលទៅស្លូតបុត្រ ស្រស់និងពោរពេញដោយមនោសញ្ចេតនា”។

ប្រការពិសេសក្នុងសិល្បៈតម្បាញរបស់លោក ទ្រុង គឺការរួមផ្សំគ្នាយ៉ាងប៉ិនប្រសប់នៃរចនាប័ទ្មតម្បាញប្រពៃណីជាច្រើនប្រភេទ ដើម្បីបង្កើតជាពន្លឺធម្មជាតិ និងបង្កើតឱ្យមានចរិតលក្ខណៈរបស់ម្ចាស់រូបឡើងវិញ។ កំណាត់ឫស្សី និងផ្តៅ នីមួយៗត្រូវបានច្នៃយ៉ាងល្អិតល្អន់ ដោយប្រើបច្ចេកទេសត្បាញពី ១៥-១៦ ប្រភេទ រួមគ្នាដើម្បីបង្កើតជាស្នាដៃសិល្បៈ។ រូបគំនូរឆាយាល័ក្ខនីមួយៗរបស់លោកប្រធានហូជីមិញ មិនត្រឹមតែទាម ទារភាពល្អិតល្អន់ក្នុងគ្រប់ចលនាប៉ុណ្ណោះទេ ថែមទាំងទាមទារឱ្យវិចិត្រករមានរូបរាង ពន្លឺ ជម្រៅ និងព្រលឹងនៃតួអង្គផងដែរ។ សម្រាប់ផលិតផលខ្លះ គាត់ត្រូវចំណាយពេលជាច្រើនថ្ងៃ ដោយគ្រាន់តែជ្រើសរើសឫស្សី និង ផ្តៅ កែច្នៃភាពបត់បែន ការជ្រលក់ពណ៌ បន្ទាប់មកចាប់ផ្តើមត្បាញ។ សិប្បករ ង្វៀន វ៉ាន ទីញ និងង្វៀន វ៉ាន់ គ្វ័ង ភូមិ Phu Vinh ឃុំ Phu Nghia ស្រុក Chuong My ទីក្រុងហាណូយ បានអះអាងថា៖ “នៅពេលដែលយើងមានការជក់ចិត្តនិងផ្តល់ការយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ខ្លួន នឹងធ្វើឲ្យបាតដៃរបស់យើងទន់ភ្លន់ជាង ហើយនៅពេលដែលយើងត្បាញ វានឹងកាន់តែល្អឥតខ្ចោះ។ នោះជាជំនាញកម្រណាស់ មិនមែនអ្នកគ្រប់គ្នាក្នុងអាជីពអាចធ្វើវបានទេ”។

“សិប្បករ ទ្រង់ មានចំណង់ចំណូលចិត្តក្នុងការត្បាញរូបឆាយាល័ក្ខលោកប្រធានហូជីមិញ។ ក្មេងជំនាន់ក្រោយបានឃើញរបៀបត្បាញ់នោះជាក្តីរីករាយ និងចំណង់ចំណូលចិត្ត។ តាំងពីពេលនោះមក ខ្ញុំក៏ចង់រៀនពីលោក Trung និងសិក្សាការត្បាញរូបឆាយាល័ក្ខ”។

រហូតមកទល់នឹងពេលនេះ លោក ង្វៀន វ៉ាន់ទ្រុង បានត្បាញរូបឆាយាល័ក្ខលោកប្រធានហូជីមិញបានជាង ២០០ ផ្ទាំង។ ក្នុងនោះ រូបតូចបំផុតមានទំហំ ៤០x៦០សែនទីម៉ែត្រ  វិមាត្រធំបំផុត ១,៦x២ម៉ែត។ រូបទាំងនេះ លោកបានប្រគល់ជូនស្ថាប័នរដ្ឋ  និងអង្គការអន្តរជាតិក្នុងព្រឹត្តិការណ៍ជាតិសំខាន់ៗ។ រូបគំនូរមួយចំនួន លោកបានយកទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ និងសារមន្ទីរ ដើម្បីណែនាំភូមិសិប្បកម្មប្រពៃណី និងផ្សព្វផ្សាយអំពីប្រទេសជាតិនិងប្រជាជននៃរដ្ឋធានី។

សិប្បករ ង្វៀន វ៉ាន់ទ្រុង បានឈ្នះពានរង្វាន់ជាច្រើនទាំងក្នុង និងក្រៅប្រទេស។  មិនត្រឹមតែមានដៃប៉ិនប្រសប់ និងស្រឡាញ់វិជ្ជាជីវៈនោះទេ សិប្បករ ង្វៀន វ៉ាន់ទ្រុង ក៏ស្រលាញ់ចូលចិត្ត "រក្សាភ្លើង" នៃសិប្បកម្មរបស់លោក និងផ្សព្វផ្សាយផលិតផលឫស្សី និងផ្តៅវៀតណាមទៅកាន់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ